ព័ត៌មានជាតិ

អាល្លឺម៉ង់ ផ្តល់ជំនួយជាង ២លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងបោស សម្អាតមីន តាមបណ្តោយព្រំដែន

រូបភាពពី៖ ហ្វេសប៊ុក លោក ហេង រតនា

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ «គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់។

ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាមេរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ។

លោក ហេង រតនា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីគាំទ្រអង្គការNPA និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការនេះ ហើយគំរោងនេះមានរយៈពេល១៦ខែ ដែលនឹងត្រូវបោសសម្អាតផ្ទៃដី មានបញ្ហាគ្រាប់មីនទំហំចំនួន ១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»។ គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនលើវិស័យមីននេះផងដែរ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា ជំនួយដែលបានទទួលពីរដ្ឋាភិបាល អាល្លឺម៉ង់នេះ គឺបានមកដល់អង្គភាពស៊ីម៉ាក់ផ្ទាល់តែម្តង ហើយស៊ីម៉ាក់ នឹងពង្រាយកម្លាំង១០កងអនុសេនា តូច និងក្រុមបច្ចេកទេស ដូចជាក្រុមគ្រឿងចក្រ ក្រុមសុនខ និងក្រុមជំនាញដោះមីនផ្សេងៗទៀតជាដើម។ លោកបន្តទៀតថា ក្រុមប្រតិបត្តិការរបស់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីននៅតាមព្រំដែន កម្ពុជា និងថៃនេះគឺមានជាងពីររយនាក់ ហើយតាមគម្រោងនឹងធ្វើការបោសសម្អាតឲ្យអស់ក្នុងរយៈពេល ១៦ខែ។

សូមរំលឹកថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីជាងបួនរយគីឡូម៉ែត្រក្រឡាទៀត ខណៈ លទ្ធភាពរបស់ស៊ីម៉ាក់ធ្វើបាន(បោសសម្អាត)ជាងពីររយគីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំ ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»នឹងសម្រេចជោគជ័យ៕

To Top