ព័ត៌មានជាតិ

ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជា គឺដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោក វ៉ាងយីរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ជំហររបស់ប្រទេសចិន តាមរយៈដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នាពេលនេះ គឺដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា។ នេះបើយោងតាមគេហទំព័រព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន ។

រដ្ឋមន្រ្តីការបរទេសចិនក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។ លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា លោក វ៉ាង យី បានគោរពពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង, លោកនាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោ ។

លោក វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថាលោក មកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។

លោក វ៉ាង យី ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០%។
លោកបានមានប្រសាសន៍ថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដោយប្រជាជនជាង ៨០% ទៅបោះឆ្នោត នោះសរបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានប្រើប្រាស់សិទ្ធិពេញលេញ ខណៈប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន លោក លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោក វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា បានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ៕

To Top