ភ្នំពេញ ៖ តួកម៉េនីស្ថានបានបង្ហាញ គោលជំហរចង់ភ្ជាប់ជើងហោះហើរត្រង់ ជាមួយកម្ពុជាឲ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ។ ក្រៅពីនេះ តួកម៉េនីស្ថាន ក៏ចង់ពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញ ទៅមកកាន់តែច្រើនថែមទៀត ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-15_12-06-06-1024x682.jpg)
តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោម ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះ មិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរ ត្រង់មកកាន់កម្ពុជានៅឡើយទេ ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅម៉ាឡេស៊ីជួបសម្តែងការគួរសម នារសៀលថ្ងៃ១៤ សីហា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួល បានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឲ្យកាន់តែច្រើនទៀត ខណៈ៧ខែដើមឆ្នាំនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិ ជាង៣.០៤លាននាក់រួចទៅហើយ។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-15_12-06-10-1024x715.jpg)
ដោយសារការ មើលឃើញ ពីសក្ដានុពលទេសចរណ៍កម្ពុជា រីកចម្រើន លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ថា តួកម៉េនីស្ថានចង់ពង្រឹង ទំនាក់ទំនងជា មួយកម្ពុជា លើវិស័យទេសចរណ៍នេះ ឲ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។
លោកបន្តថា “រដ្ឋាភិបាល តួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ ពីប្រទេសខ្លួន មកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឲ្យភ្ញៀវទេសចរ នៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនា ខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ” ។
លោក មូហាំម៉េតនីយ៉ះ ក៏បានលើកឡើងជាសំណើរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា និងនៅតួកម៉េនីស្ថាន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរ ទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិបន្ថែមទៀត រួមចំណែកសម្រេច បាននូវគោលដៅ រួមគ្នាជំរុញរំហូរទេសចរទៅវិញទៅមក៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)