ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង បានអញ្ជើញក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសាងសង់នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីក្រុងពាលី អគារទីស្តីក្រសួងមហាផ្ទៃ នាពេលព្រឹកនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ហើយបញ្ចប់ការងារសាងសង់ នៅខែសីហានេះដែលទទួលសិទ្ធិម៉ៅការ សាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕

