ព័ត៌មានជាតិ

ស្រ្តីជាផ្នែកមួយដ៏សំខាន់ ចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណ ដោយទឹកចិត្តតស៊ូ និងស្រឡាញ់

រូបភាព៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

ភ្នំពេញ ៖ នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឲ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ។

ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារ នៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា តាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រី ម៉ែន រើន ត្រូវបានផ្លាស់ប្តូរការងារពី ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ មកជាអ្នកជួសជុលប្រាសាទឥដ្ឋវិញម្តង។ អ្នកស្រី ម៉ែន រើន ឲ្យដឹងថា ក្នុងពេលចាប់ផ្ដើមធ្វើការងារ ជាអ្នកជួសជុលប្រាសាទដំបូង គឺអ្នកស្រីជួបការលំបាកខ្លាំង ព្រោះមិនមានបទពិសោធន៍លើផ្នែកនេះ។ កាលពីដំបូងសូម្បីតែលាយកំបោរបាយអរក៏មិនងាយស្រួល។ នៅពេលលាយកាវស្បែកគោម្ដងៗ វាមានក្លិន កំបោរក៏ហ៊ុយ។

ពេលក្រុមការងារកាត់ឥដ្ឋក៏ហ៊ុយ ហើយអ្នកស្រីគិតក្នុងចិត្តថា មិនដឹងជានៅតស៊ូធ្វើបានប៉ុណ្ណានោះទេ ក៏ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ ចេះតែជំនៈធ្វើការងារជួសជុលប្រាសាទនេះ រហូតមកដល់សព្វថ្ងៃបានចំនួន ១០ឆ្នាំហើយ និងបានចូលរួមជួសជុលប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និងបច្ចុប្បន្នជួសជុល នៅប្រាសាទត្រពាំងល្ពៅនេះ។

រយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ម៉ែន រើន មានភាពស្ទាត់ជំនាញជាច្រើនផ្នែកដូចជា បច្ចេកទេសជួសជុលប្រាសាទឥដ្ឋ របៀបផលិតកំបោរបាយអរ ការសម្អាតទីតាំងជួសជុល ការបិទពង្រឹងឥដ្ឋ និងរៀនពីការសម្រង់ប្លង់ជាដើម ហើយក៏មិនមានចិត្ត នឹងបោះបង់ការងារនេះឡើយ។

ពលការិនីម្នាក់ទៀត អ្នកស្រី ចិ ឌី រស់នៅភូមិថ្នល់ទទឹង ស្រុកបន្ទាយស្រី បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤ ជាភ្នាក់ងារទេសចរណ៍។ កាលពីឆ្នាំ២០១៣ បានផ្លាស់ប្ដូរមកជួសជុលប្រាសាទឥដ្ឋដែរ បានឲ្យដឹងថា អ្នកស្រីធ្លាប់ចូលរួមជួសជុលប្រាសាទភ្នំបាខែង ប្រាសាទគោកចក និងចុងក្រោយកំពុងជួសជុល នៅប្រាសាទត្រពាំងល្ពៅ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រីក៏មានបទពិសោធន៍ច្រើនដូចក្រុមការងារផ្សេងទៀតលើបច្ចេកទេស ជួសជុលប្រាសាទឥដ្ឋ និងការងារផ្សេងៗ ។

អ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍ថា មុនពេលជួសជុលឃើញប្រាសាទបុរាណរលុះបាក់ ខ្លះរហែកជាពីរ គឺមានអារម្មណ៍សង្វែកខ្លាំង ក៏ប៉ុន្តែបន្ទាប់ពីក្រុមការងារជួសជុលមានភាពរឹងមាំ មានលំនឹងឡើងវិញ ក្នុងនាមជាអ្នកជួសជុលក៏សប្បាយចិត្ត។ អ្នកស្រី ចិ ឌី បានប្រាប់ថា ការងាររបស់អ្នកស្រីពេលខ្លះគឺមានអារម្មណ៍ថា ហត់នឿយដែរ ក៏ប៉ុន្តែដោយហេតុតែស្រឡាញ់ក៏ចេះតែព្យាយាមខំប្រឹងមិនដកថយ គិតតែស៊ូៗទៅមុខទៀត ដើម្បីទុកសម្រាប់កូនចៅទៅមុខទៀត។

ទាំងអ្នកស្រី ម៉ែន រើន និងអ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍រំភើប ដោយសារតែក្រុមការងារទាំងបុរសទាំងស្រ្តី រួមកម្លាំងគ្នា ជួសជុលប្រាសាទឥដ្ឋដែល ទ្រុឌទ្រោមប្រែក្លាយជារឹងឡើងវិញ។ ការនេះក៏ធ្វើឲ្យសមាជិកគ្រួសារគាត់មានមោទកភាពដែរ។

ក្នុងនាមជាអ្នកជួសជុល ចង់ឲ្យកូនខ្មែរគ្រប់រូបដឹងថា មានស្លាកស្នាមជួសជុល នៅតាមប្រាសាទបុរាណ គឺបញ្ជាក់ថា មនុស្សខ្មែរជំនាន់នេះបានយកចិត្តទុកដាក់ជួសជុល អភិរក្សជាបន្តបន្ទាប់។ ដូច្នេះហើយ ទៅថ្ងៃក្រោយសូមឲ្យអ្នកជំនាន់ក្រោយ បន្តការងារជួសជុល អភិរក្សជាបន្តទៀត ៕

To Top