ព័ត៌មានជាតិ

លោក វន់ ពៅ សង្ឃឹមថា នឹងទទួលបានយុត្តិធម៌

រូបភាពពី៖ លោក វន់ ពៅ

ភ្នំពេញ ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅហាក់បានបង្ហាញក្តីសង្ឃឹមដោយជឿជាក់ថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់រូបលោក ក្រោយរង់ចាំអស់រយៈពេលប្រមាណជា១០ឆ្នាំមក ។

ការបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃ១៧ សីហា បានបើកសវនាការ ជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធករណីបាតុកម្មនៅមុខរោងចក្រយ៉ាកជីន ម្តុំផ្លូវវេងស្រេងកាលពីជាង៩ឆ្នាំមុន ។

លោក វន់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៨ សីហា អំពីដំណើរការសវនាការរយៈ មួយព្រឹកកាលថ្ងៃ១៧ សីហាថា ក្នុងសវនាការសួរដេញដោលដោយប្រធានជំនុំជម្រះ នៃសាលាឧទ្ធរណ៍ដូចបានបង្ហាញសញ្ញាវិជ្ជមានមកលោកច្រើន តាមរយៈឲ្យលោករៀបរាប់ពីបញ្ហាមួយចំនួនកើតឡើងនៅមុខរោងចក្រយ៉ាកជីន ក្នុងនោះក៏បានឲ្យមេធាវីការពារក្តីបង្ហាញភស្តុតាងបន្ថែម ដើម្បីដោះបន្តុករឿងរ៉ាវនាពេលនោះផងដែរ ។ ដោយសារចំណុចផ្តល់ភ្លើងខៀវបែបនេះ បានធ្វើឲ្យលោកមានក្តីសង្ឃឹមថា នឹងមានពន្លឺយុត្តិធម៌ ។

លោកឲ្យដឹងទៀតថា លទ្ធផលក្រោយបញ្ចប់ការដេញដោលជាង៣ម៉ោងមក តាមការសន្និដ្ឋានរបស់ អយ្យការអមសាលាឧទ្ធរណ៍ ក៏ដូចជាមេធាវីការពារក្តីលោក ព្រមទាំងមានការលើកឡើងពីលោកផ្ទាល់ដែលជាជនជាប់ចោទនិងជាជនរងគ្រោះផងនោះ ហាក់ទទួលយកបានទាំងសងខាង ។

លោក វន់ ពៅ គូសបញ្ជាក់ថា “ដូចខ្ញុំលើកឡើងជារឿយៗចឹង គឺខ្ញុំរង់ចាំយុត្តិធម៌នេះជាយូរមកហើយ ជិត១០ឆ្នាំហើយ តាំងពីសក់ខ្មៅ រហូតដល់សក់សខ្លះហើយ នៅលើក្បាលហ្នឹង ។ អីចឹងយើងសង្ឃឹមថា ថ្ងៃទី២៩ កញ្ញា ខាងមុខនេះ យើងនឹងទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។ អានេះ ជាក្តីសង្ឃឹមរបស់ខ្ញុំ”។

សូមរំលឹកបន្តិចថា រឿងរ៉ាវកាលពីជាង៩ឆ្នាំមុន ពោរអំឡុងខែមករា ឆ្នាំ២០១៤ គឺបានកើតឡើងក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការផ្ទុះបាតុកម្មរបស់ក្រុមកម្មករ-កម្មការិនី បម្រើការនៅតាមបណ្តារោងចក្រនានាជាទ្រង់ទ្រាយធំនៅម្តុំផ្លូវវេងស្រេង កើតចេញពីការដឹកនាំរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ។ ក្នុងគ្រានោះ លោក វន់ ពៅ និងកម្មករផ្សេងទៀតជាង២០នាក់ ត្រូវបានចាប់ខ្លួនផងដែរ ។ បន្ទាប់មក លោក វន់ ពៅ និងបាតុករ២២នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើហិង្សាដោយចេតនា និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន នៅក្នុងការប៉ះទង្គិចគ្នាមួយនៅមុខរោងចក្រយ៉ាកជីន រវាងកម្មករកាត់ដេរ និងកងទាហានឆ័ត្រយោង ៕

To Top