ភ្នំពេញ ៖ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ។
ឆ្នាំនេះ និស្សិតកម្ពុជាចំនួន២៨នាក់ (អនុបណ្ឌិត២៧នាក់ បណ្ឌិត១នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េនៅចុងខែសីហានេះ។ កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សាឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជាជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅកូរ៉េប្រចាំកម្ពុជាដែលបានធ្វើមាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនៅកូរ៉េ។
លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាអបអរសាទរចំពោះនិស្សិតជាប់អាហារូបករណ៍ ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ហើយតាមរយៈកម្មវិធីនេះ លោករំពឹងថាពួកគេនឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ពួកគេនឹងបំពេញការងារយ៉ាងសកម្មទៅថ្ងៃអនាគត។
លោក Noeum Sokvichhai អតីតនិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េ ថ្នាក់អនុ- បណ្ឌិត (ឆ្នាំ២០១០-១៤) និងជា(Attorney-at-law, Head of Corporate, Commercial and Investinent Practice Group at Sithisak Law Office) ក្នុងនាមលោកជាសិស្សច្បង បានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ ជាសិស្សប្អូនទាំងអស់ចងចាំថា “អ្នកតំណាងឲ្យកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងតំណាងឲ្យកម្ពុជានិងសាធារណរដ្ឋកូរ៉េ នៅពេលអ្នកត្រឡប់មកវិញ” ។
សម្រាប់លោក Mork Chansokol ដែលត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េ (ថ្នាក់អនុបណ្ឌិត) បាននិយាយថា «ខ្ញុំមានគម្រោងចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Soongsil ក្នុងសាធារណរដ្ឋកូរ៉េ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកបង្កើតការងារថ្មីៗនៅព្រះរាជាណាចក្រកម្ពុជា»។
លោក Theng Bunnith ដែលត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (ថ្នាក់អនុបណ្ឌិត) បាននិយាយដែរថា «ខ្ញុំមានគម្រោងទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យសេអ៊ូល ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំចង់ចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យវេជ្ជសាស្រ្តរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា»៕