ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ នៅអនុវិទ្យាល័យជ័យសែន សុំអភ័យទោស ក្រោយយកទង់ជាតិខ្មែរ មកទ្រាប់ក្រោមជ្រុញ ចិញ្ច្រាំប្រហុក

រូបភាពពី៖ បណ្ដាញសង្គម

ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ឈ្មោះ ទិត ឃត ដែលជាគ្រូបង្រៀននៅអនុវទ្យាល័យ ជ័យសែន ក្នុងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានសុំអភ័យទោស ក្រោយយកទង់ជាតិខ្មែរ មកទ្រាប់ក្រោមជ្រុញ ដើម្បីចិញ្ច្រាំប្រហុក ក្នុងគោលបំណងពិសារបាយជុំគ្នាជាមួយ លោកគ្រូ-អ្នកលោកគ្រូ ក្នុងសាលា។

យោងតាមលិខិតសុំអភ័យទោសរបស់លោកគ្រូ ទិត ឃត នាថ្ងៃទី១៧ សីហា បានឲ្យដឹងថា លោកគ្រូ បានធ្វើសកម្មភាពធ្វើម្ហូប (ប្រហុកចិញ្ច្រាំ) ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជ័យសែន ក្នុងគោលបំណងពិសារបាយជុំគ្នាជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា ប៉ុន្តែក្នុងសកម្មភាពធ្វើម្ហូបនេះ លោកគ្រូ បានយកទង់ជាតិកម្ពុជាដែលមានសភាពចាស់ រហែក មកទ្រាប់ក្រោមជ្រុញ ដោយមិនបានគិតវែងឆ្ងាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដោយអចេតនា។

លោកគ្រូ ពិតជាមានការសោកស្ដាយ ក្នុងនាមជាគ្រូបង្រៀន និងជនជាតិខ្មែរមួយរូប មានការធ្វេសប្រហែស ខ្វះការពិចារណា ដែលសកម្មភាពនេះហាក់ដូចជា ប្រមាថមើលងាយ លើប្រទេសជាតិ លើប្រជាជនរួមជាតិសាសន៍ខ្លួនឯង។

លោកគ្រូបញ្ជាក់ថា «ខ្ញុំបាទសូមសុំការយោគយល់ អធ្យាស្រ័យ និងអភ័យទោសពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត ព្រះវិហារ បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមអភ័យទោសឲ្យរូបខ្ញុំបាទ ដោយក្តី អនុគ្រោះ»។

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នាថ្ងៃទី១៧ សីហា បានលើកឡើងថា កាលពីថ្ងៃទី១៥ សីហា ក្នុងម៉ោងទំនេរ លោក ទិត ឃត គ្រូបង្រៀនអនុវិទ្យាល័យជ័យសែន រួមជាមួយលោកគ្រូ អ្នក គ្រូ ពីរ-បីនាក់ទៀត បាននាំគ្នាចិញ្ច្រាំប្រហុក យកទៅចំហុយដើម្បីហូបបាយជុំគ្នា។ ក្នុងពេលចិញ្ច្រាំដោយផ្ទៃតុ មានភាពមិនស្មើគ្នា លោកគ្រូ ទិត ឃត បានឃើញកំណាត់ចាស់ទុកលើគំនរឯកសារ ក្នុងបន្ទប់ទីចាត់ការរបស់អនុវិទ្យាល័យ យកមកកល់ជ្រុញ។ ពេលនោះគាត់ក៏បានដឹងថាជាកំណាត់ទង់ជាតិដែរ តែជ្រុលហើយក៏ចិញ្ច្រាំរហូត។ ក្នុងពេលចញ្រ្ចាំក៏មានលោកគ្រូម្នាក់យកទូរសព្ទដៃមកថតវីដេអូរ។ លោកគ្រូ ទិត ឃត ក៏បានហាមមិនឲ្យថតដែរ តែលោកគ្រូអ្នកថតនៅតែថតព្រមទាំងយកទៅផុសក្នុង Tik Tok ៕

To Top