ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ មានពលរដ្ឋបានស្នើសុំ ជួយអន្តរគមន៍ ជុំវិញករណី បុគ្គលអាងខ្លួនជាមេធាវី មិនខ្លាចរអា នឹងវិធានការអាជ្ញាធរ យកចំណីផ្លូវ ជាពិសេសមុខ ផ្ទះប្រជាពលរដ្ឋ សម្រាប់ជាកន្លែងចតយានយន្តរបស់ខ្លួន បង្កផលប៉ះពាល់ដល់ ពលរដ្ឋជាច្រើន នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
តាមរយៈសំណេរ របស់ពលរដ្ឋ បានផ្តល់ឲ្យលោក ខៀវ កាញារីទ្ធ បង្ហោះលើបណ្តាញសង្គម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា ៖ សូមលោកអ៊ុំមេត្តាជួយអន្តរាគមន៍ ក៏ដូចជាជួយផ្សព្វផ្សាយ ពីបញ្ហានេះអោយបានជ្រាប ដល់ប្រធានទីស្តីការ គណៈមេធាវីផងលោកអ៊ុំ នាងខ្ញុំរស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានការពិបាករស់នៅ ចេញចូលធ្វើដំណើរណាស់ ដោយសាតែឡានរបស់មេធាវី នៅក្បែរផ្ទះក្មួយ យកមកសំចតចោល បិទផ្លូវជិត ។
ពលរដ្ឋដដែលនោះ បានបញ្ជាក់ថា ៖ ក្មួយបានដោះស្រាយនិយាយផ្ទាល់ ជាមួយគាត់ហើយ រួចបានប្តឹង ទៅដល់អាជ្ញាធរមូលដ្ឋាន ជាច្រើនលើកច្រើនសាមកហើយ រហូតបានបន្តដាក់ពាក្យបណ្តឹង ទៅកាន់ទីស្តីការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក៏រួចហើយដែរ តែបញ្ហារឿងឡានមេធាវីរូបនេះ គាត់នៅតែដាក់ដដែល ដោយពុំខ្វល់ពីច្បាប់ដោះស្រាយឡើយ ។
ប្រភពបន្តថា ៖ បើគាត់ដាក់ម្តងម្កាល ក៏ឡានគាត់ទុកចោលដល់ម៉ោង៩ ម៉ោង១០ក៏អត់ព្រម យកចេញ ក្មួយជាពលរដ្ឋធម្មតា អស់វិធីសាស្ត្រ ដោះស្រាយហើយ លោកអ៊ុំ ទាំងផ្លូវនេះជាផ្លូវសាធារណៈ សម្រាប់ធ្វើដំណើរចេញចូលក្នុងភូមិទ្រា។
យ៉ាងណាមិញ សំណើររបស់ពលរដ្ឋ បានផ្តល់មកដល់ដៃលោក ខៀវ កាញារីទ្ធ ដែលមានខ្លឹមសារ ដូចបានជម្រាបជូនខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមិនទាន់អាចស្វែងរក លេខទំនាក់ទំនង ពីមេធាវីខាងលើនេះ ដើម្បីសុំការបកស្រាយ បាននៅឡើយទេគិតត្រឹមថ្ងៃអាទិត្យនេះ ៕