ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងពិធីដ៏មហោឡារឹក និងជាប្រវត្តិសាស្រ្ដនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧ នឹងផ្ដើមការងារក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា៖ ១. សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ, អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧។
ចំណែកនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧ នឹងបន្តដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕








