ព័ត៌មានជាតិ

យោធារុស្ស៊ី រារាំងការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក លើទីក្រុងមូស្គូ

ប្រភព ៖ AFP

បរទេស ៖ អភិបាលក្រុង Sergey Sobyanin បាននិយាយ កាលពីព្រឹកថ្ងៃអាទិត្យថា កងការពារអាកាសបានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើក (UAV) ដែលជាអរិភាពមួយ ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ និងបានសរសើរក្រសួងការពារជាតិ សម្រាប់ការទប់ស្កាត់ការប៉ុនប៉ង “ការវាយប្រហារភេរវកម្ម” មួយផ្សេងទៀតលើរដ្ឋធានីរបស់រុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sobyanin បានសរសេរនៅលើ Telegram ដោយមិនបានបញ្ជាក់ច្បាស់ ពីទីតាំងពិតប្រាកដ ដែលឧបករណ៍គ្មានមនុស្សបើកត្រូវបានស្ទាក់ចាប់ថា “នៅពេលយប់ ការប៉ុនប៉ងមួយត្រូវបាន ធ្វើឡើងដើម្បីហោះហើរ Drone ទៅកាន់ទីក្រុងមូស្គូពីទិសខាងត្បូង។ យន្តហោះនោះ ត្រូវបានបញ្ឈប់ដោយកងកម្លាំងការពារដែនអាកាស” ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា UAV អរិភាពត្រូវបានរកឃើញនៅលើសង្កាត់ Stupino នៃតំបន់ Moscow នៅម៉ោងប្រហែល ៤ ព្រឹក។ យន្តហោះគ្មានមនុស្សបើកត្រូវ​បាន​បង្ក្រាប​ដោយ​ប្រព័ន្ធសង្គ្រាម​អេឡិច​ត្រូនិក ហើយ​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ស្ងាត់ជ្រងំមួយ ដោយមិន​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត ឬ​របួស​មនុស្សនោះឡើយ។

អាកាសយានដ្ឋានអន្តរជាតិ នៅភាគនិរតី និងខាងត្បូងរបស់ទីក្រុងមូស្គូ គឺ Vnukovo និង Domodedovo បានផ្អាកជើងហោះហើរ រយៈពេលខ្លីជាការប្រុងប្រយ័ត្ន នៅពេលកើតហេតុ។

ក្នុងពេលជាមួយគ្នានេះ ចម្ងាយ ប្រហែល ៤៥០ គីឡូម៉ែត្រពីភាគខាងត្បូង នៃរដ្ឋធានី យន្តហោះគ្មានមនុស្សបើកមួយ បានធ្លាក់លើដំបូល ស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Kursk ដោយបានធ្វើឱ្យខូចខាតបង្អួចជាច្រើន បណ្តាលឱ្យមានភ្លើងឆេះកម្រិតតិចតួច និងធ្វើឱ្យមនុស្សយ៉ាងតិចប្រាំនាក់ រងរបួសដោយមុតជាមួយនឹងកញ្ចក់ ។ គេនៅតែមិនទាន់ច្បាស់ថា តើឧប្បត្តិហេតុនៅព្រឹកថ្ងៃអាទិត្យ គឺជាផ្នែកនៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ យ៉ាងណានោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top