ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ មហាវិថីសំរោង នឹងធ្វើឲ្យខណ្ឌជាយក្រុង ក្លាយជាក្រុងរណបថ្មីមួយ នាភាគខាងជើងរាជធានី

រូបភាព៖ ដើមអម្ពិល | ម៉ៅ ដារាត់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវមហាវិថីសំរោងដែលស្ថាបនាឡើង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រវែងជាង៥ពាន់ម៉ែត្រ នឹងក្លាយជាមហាវិថីយុទ្ធសាស្ត្រ ជម្រុញឲ្យខណ្ឌព្រែកព្នៅ ដែលជាខណ្ឌមួយនៅជាយក្រុងភ្នំពេញ ក្លាយជាទីក្រុងរណបថ្មីមួយ អាចទាក់ទាញវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង ។

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក ឃួង ស្រេង បានលើកឡើងថា “ដូចអ្វីដែលយើងបានជ្រាបហើយថា ទីតាំងនេះស្ថិតក្នុងអតីតកាល គឺជាតំបន់វាលទំនាបលិចទឹកស្ទើគ្រប់ខួបប្រាំង ខួបវស្សា គ្មានការអភិវឌ្ឍន និងបណ្តាញផ្លូវតភ្ជាប់ ប្រទាក់ក្រឡាសម្រាប់ធ្វើដំណើរនោះទេ យ៉ាងណាមិញ ដើម្បីឆ្លើយតបកត្តាវិទ្យាសាស្ត្រ កំណើនយានយន្ត នរគរូបនីយកម្ម ពង្រីកទីក្រុង ការអភិវឌ្ឍលំនៅដ្ឋាន រោងចក្រ សហគ្រាស និងសន្ទុះអភិវឌ្ឍន៍តំបន់ជាយក្រុង ជាពិសេសមួយផ្នែកខណ្ឌព្រែកព្នៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមហ៊ុន ព្រីនហ៍ ហូលដីងគ្រុប បានសម្រេច ផ្តល់ចំណងដៃសមទ្ធផល ស្ថាបនាកំណាត់ផ្លូវនេះ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននិយាយដោយឡែក ។ និយាយរួមប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ជាលក្ខណៈ ប្រើប្រាស់យុទ្ធសាស្ត្រយូរអង្វែង និងដើម្បីឆ្លើយតប ទៅនឹងសេវាតម្រូវការ នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តខណ្ឌជាយក្រុង ដោយស្របទៅនឹងសមទ្ធផលផ្លូវជាតិលេខ៥ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ឲ្យកាន់តែប្រសើរឡើង”។

អភិបាលបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការកសាងមហាវិថីសំរោងនេះឡើង នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងៗ ទៅថ្ងៃអនាគត ។ កំណាត់ផ្លូវនេះ ត្រូវបានស្ថាបនាឡើង ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើគុណភាព សោភ័ណ្ឌភាព និងបច្ចេកទេស នៃការសាងសង់ គិតចាប់តាំងពីដំណាក់កាលរៀបចំគ្រឹះ ពោលគឺធានាការដឹកជញ្ជូនធន់ធ្ងន់ និងត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថា ជាផ្លូវ មហាវិថីសំរោង ដើម្បីសម្គាល់ភូមិសាស្ត្រនេះ ។

លោក ឃួង ស្រេងបន្តថា “លើសពីនេះ យើងអាចចាត់ទុកបានថា សមទ្ធផលមហាវិថីសំរោង គឺជាការតភ្ជាប់និរន្តរភាព នៃការដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដែលមានន័យថា ដ៏រាបណាជាតិមាតុភូមិយើង នៅតែរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ នោះសង្គមជាតិនៅតែមានឱកាសពេញលេញ ក្នុងការបន្តអភិវឌ្ឍន៍រីកចម្រើនឈានឡើងគ្រប់វិស័យ ហើយសមទ្ធផលសង្គម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ត្រូវបានថែទាំ ឬបន្តស្ថាបនាឡើង ដោយមិនត្រូវបានបំផ្លិចបំផ្លាញចោល ដូចពេលដែលប្រទេសមានសង្គ្រាម ឬវិបត្តិកលយុគនោះឡើយ ។

លោកអភិបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ថា “ចំពោះការស្ថាបនាមហាវិថីសំរោង ថ្មីនាពេលនេះ គឺមិនត្រឹមតែជួយសម្រួលដល់ការរស់នៅ ប្រកបអាជីវកម្ម និងធ្វើដំណើរដឹកជញ្ជូនទំនិញ សេវាផ្សេងៗក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបណ្តាស្រុកនៃខេត្តបណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍន៍ទីក្រុង ជម្រុញឲ្យខណ្ឌព្រែកព្នៅ ជាខណ្ឌជាយក្រុងក្លាយជាទីក្រុងរណបថ្មីមួយ នៅភាគខាងជើងរាជធានីភ្នំពេញ កាន់តែមានលក្ខណៈប្រកួតប្រជែង ខ្ពស់ទាក់ទាញបំផុត និងស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស” ។

គួរបញ្ជាក់ថា មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានប្រវែងសរុប ៥២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមានគន្លងឡានម៉ូតូ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ធលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ប្រវែង ២០៤១២ ម៉ែត្រមុខកាត់លូរំដោះទឹកភ្លៀងទំហំ១ ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ ម៉ែត្រ៕

To Top