ភ្នំពេញ៖ សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងតំណាងរាស្ដ្រនីតិកាលទី៧ ទាំងអស់ នឹងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ស្ដីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា អង្គរដ្ឋសភា បានធ្វើអនុម័តយល់ព្រម លើបទបញ្ជាផ្ទៃក្នុងទាំងមូល រួចរាល់ហើយ ដូច្នេះ«សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រនីតិកាលទី៧ ទាំងអស់ ធ្វើសច្ចប្រណិធានមុនចូលកាន់តំណែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤សៀល នៅព្រះបរមរាជវាំង»។
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាព បានបើកសម័យប្រជុំដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕