ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ក្រុមប្រឆាំង នៅក្រៅប្រទេសថា គ្មានអ្នកណា កម្ចាត់អ្នកណាឡើយ លើកលែងនោះកម្ចាត់ខ្លួនឯង ដូច្នេះល្មមឈប់និយាយថា «ហ៊ុន សែន កម្ចាត់ដៃគូខ្លួន ដោយគ្មានប្រណី»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែលើកឡើងថា សម្ដេចតេជោ ព្យាយាមកម្ចាត់ដៃគូ នយោបាយរបស់ខ្លួន ដោយគ្មានត្រាប្រណី ជាពិសេសដៃគូសម្តេច គឺលោក សម រង្ស៊ីតែម្តង ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានថ្លែងថា សម្ដេច មិនដែលកម្ចាត់អ្នកនយោបាយណាម្នាក់ឡើយ គឺមានតែអ្នកនយោបាយនោះកម្ចាត់ខ្លួនឯងប៉ុណ្ណោះ។
សម្ដេចតេជោ លើកឡើងថា «មានអ្នកអធិប្បាយបែបនេះច្រើនហើយថា ដៃគូនយោបាយរបស់ ហ៊ុន សែន ត្រូវហ៊ុន សែន កម្ចាត់អស់ ខ្ញុំអត់បានកម្ចាត់ អ្នកណាទេ ព្រោះខ្ញុំមានជំនឿថា គ្មានអ្នកណាកម្ចាត់អ្នកណាបានទេ លើកលែងអ្នកនោះកម្ចាត់ខ្លួនឯងតែប៉ុណ្ណឹង ។ អីចឹងទេល្មមឈប់ហើយ និយាយថា លោក ហ៊ុន សែន តែងតែកម្ចាត់ដៃគូដោយគ្មានប្រណី»។
សម្ដេចតេជោបន្ដថា «ប៉ុន្ដែដៃគូស្អីក៏ខ្សោយម៉េស ទុកឲ្យ ហ៊ុន សែន កម្ចាត់បាន ពិនិត្យខ្លួនឯងមើល អ្នកទាំងឡាយដែលជាដៃគូកាលពីពេលមុន ខ្លួនឯងបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ។ ខ្ញុំហ៊ានប្រកាសថា មានតែ ហ៊ុន សែន ទេ ដែលអាចកម្ចាត់ ហ៊ុន សែន បាន»។
សម្ដេចអតីតនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ហេតុផលអ្វី? ថា ហ៊ុន សែន ជាអ្នកកម្ចាត់ទៅវិញ ខ្លួនឯងខ្សោយពេក ខ្លួនឯងល្ងង់ពេក ធ្វើសកម្មភាពមិនត្រូវ។ ដូច្នេះស្ថានភាពនេះ មិនត្រូវសន្ទោស ហ៊ុន សែន នោះឡើយ៕