ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សម្រែករាជសីហ៍ សម្ដីសារិកា របស់ខ្ញុំអាចធ្វើឲ្យមនុស្សយំបាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដីរបស់សម្ដេចដែលគេអាចនិយាយបានថា ជាសម្រែករាជសីហ៍ សម្ដីសារិកា អាចនិយាយធ្វើឲ្យមនុស្សយំបាន ហើយការស្រែករបស់សម្ដេច ក៏ធ្វើឲ្យមនុស្សទាំងឡាយភ្ញាក់ផ្អើល ហើយរត់បាត់ជើងសព្រាតផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោតបទៅសំណួររបស់អ្នកសារព័ត៌មានលក្ខណៈដូចគ្នារវាងសម្តេច និងកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដោយសម្តេចបានលើកពីសំឡេងប្រៀបធៀបផងដែរ ក្នុងនោះសម្តេចមានប្រសាសន៍ថា «សំឡេងរបស់ខ្ញុំ នៅខ្លាំងណាស់ សំឡេង ម៉ាណែត មិនលឺដូចខ្ញុំទេ គេតែនិយាយថា សម្រែករាជសីហ៍ សម្ដីសារិកា ខ្ញុំអាចនិយាយធ្វើឲ្យមនុស្សយំបាន ក៏ប៉ុន្ដែ ខ្ញុំអាចស្រែកឲ្យមនុស្សទាំងឡាយភ្ញាក់ ហើយរត់ព្រាតក៏មាន ម៉ាណែត មិនអាចមានសំឡេងបែបហ្នឹងទេ»។

សម្ដេចតេជោបន្ដថា បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានហ្វឹកហាត់ទាហ៊ានផងដែរនៅពេលរៀននៅសាលាយោធា West Pont នៅសហរដ្ឋអាមេរិក។ សម្ដេចបន្ថែមថា ដ្បិតសំឡេងរបស់បណ្ឌិត ហ៊ុន ម៉ាណែត មិនខ្លាំងដូចសម្តេច តែបើមិនទុកចិត្តលើសមត្ថភាពរបស់អ្នកជំនាន់ក្រោយទេនោះ សម្ដេច ក៏មិនប្រគល់អំណាចឲ្យឡើយ ដោយសារមានការទុកចិត្តទើបផ្ទេរឲ្យបែបនេះ។

សម្ដេចបន្ដថា សម្ដេចក៏អាចបន្ដធ្វើជានាយករដ្ឋមន្ដ្រី បាន៥ ឬ១០ឆ្នាំ ទៅមុខទៀត តែសម្តេចមិនធ្វើ៕

To Top