ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន នឹងមានកិច្ចការងារមួយចំនួនទៀតផងដែរ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ សីហានេះ បានបញ្ជាក់ថា លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង, ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការក្រុមប្រឹក្សាដែលចំណុះឲ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
ក្នុងសេចក្ដីសម្រេចដដែលបានឲ្យដឹងទៀតថា ចំពោះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងលោក នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕