ភ្នំពេញ ៖ ក្នុងថ្ងៃដំបូង នៃការចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញវត្តមាន ជាមួយកម្មករនិយោជិត នៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ និងណែនាំអនុសាសន៍ មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងអ្នកគ្រប់គ្រង តាមផ្នែកក្នុងរោងចក្រ ត្រូវចុះមកជួបកម្មករឱ្យបានញឹកញាប់ ហើយបង្កើនការយកចិត្ត ទុកដាក់ឱ្យកាន់តែខ្លាំង ។

វត្តមានរបស់លោករដ្ឋមន្ត្រីនាពេលនោះ បានធ្វើឱ្យមហាជន និង កម្មករនិយោជិត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថា លោកចុះទៅជួបដល់កន្លែង ធ្វើការយ៉ាងដូច្នេះឡើយ ។

បើតាមការបង្ហោះខ្លឹមសារ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូង បានមកមើលសកម្មភាព ផលិតស្បែកជើង និងបានហូបបាយ ជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រ ផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ។ បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតសរុប ជាង៣ពាន់នាក់ ក្នុងនោះមានកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន១៦០នាក់ និងជនដែលមានពិការភាព ចំនួន៤៣នាក់»។

លោករដ្ឋមន្ត្រីបានបន្តថា កម្មករនិយោជិតនៅក្នុងរោងចក្រនេះ ធ្លាប់ជួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ហើយនិយោជិតដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ ។ កម្មករនិយោជិត ដែលលោករដ្ឋមន្ត្រីបានជួប គឺនឹករឭកដល់សម្តេចតេជោ ហ៊ុន សែន ហើយចងចាំជានិច្ច នូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបាន ចុះជួបកម្មករ នាពេលកន្លងទៅ ។ កម្មករទាំងនោះក៏រំពឹងថា នឹងបានជួបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗនេះផងដែរ។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានទទួលអាហារ ជាមួយកម្មករនិយោជិតរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀនោះផងដែរ ដោយលោកបានបញ្ជាក់ថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីថ្មី ក្រសួងការងារបានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូន ឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង» ។

លោកបានបញ្ជាក់ទៀតថា នៅរោងចក្រខាងលើនេះ មានសហជីពមូលដ្ឋាន រហូតដល់ទៅជាង២០សហជីព ។ ទំនាក់ទំនងរវាងសហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន ៕












