ភ្នំពេញ ៖លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក បណ្ឌិត ស សុខា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ជោគជ័យ នៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ»។
ជាមួយគ្នានេះ លោក បណ្ឌិត លើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត។
គួរបញ្ជាក់ថា មេខ្លោងគ្រឿងញៀនជាជនជាតិចិន ដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គស្នងការដ្ឋានគរបាលជាតិ ចាប់បានមកវិញ នៅថ្ងៃទី២១ ខែសីហា នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង និងអង្គភាពជំនាញផ្សេងទៀត បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន ដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន ១១នាក់ហើយ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ។
សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណ ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕