ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទកភាពជាតិ ឲ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ

ភ្នំពេញ៖ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថាសម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទកភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ។

តាមរយៈសុន្ទរកថាជាង២០ទំព័រក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ សីហាបន្ទាប់ពីបានក្លាយជានាយករដ្ឋមន្រ្តី២ថ្ងៃរួចមក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទកភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០» ។

កិត្តិទេសាភិបាលបណ្ឌិតលើកឡើងថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ២៥ឆ្នាំទៀត សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព ។

នាយករដ្ឋមន្ត្រីបន្តថា ជារួមយុទ្ធសាស្ត្របញ្ចកោណគឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្ត៥ ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។

លោកគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការគិតគូរជារួមខាងលើ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាល ទី ៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ ជាក់ស្ដែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម៖

១.ភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ។

២.ភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។

៣.ភាពចាំបាច់ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយផ្ដោតជាសំខាន់លើ ការកសាងមូលធនមនុស្សរឹងមាំ ។

៤.ភាពចាំបាច់ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា និងក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួល នៃកត្តាសង្គម-សេដ្ឋកិច្ច និងកត្តាបរិស្ថានធម្មជាតិ ។

៥.ភាពចាំបាច់ក្នុងការដាក់ចេញ នូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ៕

To Top