ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច សហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាព ចូលរួមច្រើនជាងមុន ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃ២៤ សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ (ភាសាខ្មែរ-អង់គ្លេស ចំនួន២១២ទំព័រ) ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដល់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់ គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្ស ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ។

ប្រមុខរាជរដ្ឋាភិបាលថ្លែងថា សមាជិកឧត្តមក្រុមប្រឹក្សាមួយនេះ ត្រូវចែកជា២ប្រភេទ ដោយប្រភេទទី១.គឺជាសមាជិកគណបក្សស្ថាបនិក ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងរយៈពេល ២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២. សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាព យន្តការនេះនៅពេលក្រោយ។
លោកបណ្ឌិតលើកឡើងថា ចំពោះសមាជិកគណបក្ស នយោបាយស្ថាបនិក នឹងបានទទួល នូវបុព្វសិទ្ធិច្រើនជាងមុន ពោលគឺប្រតិភូមានរហូតដល់៣រូប ក្នុងនោះប្រធានប្រតិភូ មានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្រ្តី ហើយសមាជិកមានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាត ឲ្យប្រធានប្រតិភូ មានជំនួយការ២នាក់ផងដែរ ៕
