ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី​ ឯកភាព លើសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រូបភាព៖AKP

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារ​អធិបតេយ្យ និងបូរណភាពទឹកដី ផ្សារ​ភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិ​កាល​ទី៧ នៃរដ្ឋសភា នៅតែបន្តផ្ដល់តម្លៃកិច្ចការព្រំដែន ជាកិច្ចការដ៏មានសារៈសំខាន់ ជាអាយុជីវិត​របស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត និង​ដោយ​ប្រកាន់​ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមថា ឈរលើស្មារតីខាងលើនេះ រាជរដ្ឋាភិបាលសម្រេច​បង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុង​គោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធ​គ្រប់​គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្ម​ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រម​ទាំង​ការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណ​ភាពទឹកដី និងលើកស្ទួយការថែរក្សា សមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល​កម្ពុជាស​ម្រេចបាន ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរ គ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើង​ចំនួន​៨មាត្រា៕

To Top