កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លី នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សូមបង្រួមនីតិវិធីឱ្យខ្លី តែកុំឱ្យធ្វើខុស ចំពោះការប្រើប្រាស់ឯកសារ សម្រាប់ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ននេះ ការបំពេញបន្ថែមប្លង់ដី មានរយៈពេល៤ខែឯណោះ។

លោក អ៊ុន ចាន់ដា បន្តថា មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានសម្រេចមុន ផែនការកំណត់ ខណៈថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រោងយកខេត្តកំពង់ចាម ធ្វើជាខេត្តគំរូ ក្នុងការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ឋ ឱ្យបានចប់សព្វគ្រប់ ១០០% នាចុងឆ្នាំ២០២៣ ឬ ដើមឆ្នាំ ២០២៤ខាងមុខនេះ ដូច្នេះយេីង ត្រូវលេីកបញ្ហាប្រឈម និងការខ្វះខាត ដេីម្បីរកដំណោះស្រាយ ធ្វេីយ៉ាងណាឱ្យការងារចុះបញ្ជីដីធ្លីទទួលបានលទ្ធផលល្អ ដូចការគ្រោងទុក ។

បេីតាមលោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ចាម មាន ៩ស្រុក និង ១ក្រុង ស្មើនឹង ១០៥ឃុំ និង ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ ។ ហើយបានចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង ១ក្រុង ដែលបានធ្វើការប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រ មានចំនួន ៧៦២,៥៩៩ក្បាលដី ស្មើនឹង ៨៣% និង ការចេញប័ណ្ណកម្មសិទ្ធិ ចំនួន ៧២៣, ៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដី ប៉ាន់ស្មានរបស់ខេត្តកំពង់ចាម ទាំងមូលមាន ៩២៤,៤២១ក្បាលដី លើការងារចុះបញ្ជីដីធ្លីបច្ចុប្បន្ននេះ មានចំនួន ៧ក្រុមវាល ដែលកំពុងអនុវត្តនៅស្រុកចំនួន ៥ គឺស្រុកស្ទឹងត្រង់ មាន ១ក្រុមវាល ស្រុកស្រីសន្ធរ មាន ១ក្រុមវាល ស្រុកកោះសូទិន មាន ២ក្រុមវាល និង ស្រុកកងមាស មាន ២ក្រុមវាល លើភូមិ-ឃុំ និងក្បាលដីប៉ានស្មាន សរុបនៅសល់បច្ចុប្បន្នមានចំនួន ២០០,១០៨ក្បាលដី ។

ចំពោះដីរដ្ឋដែលបានចេញប័ណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានចំនួនសរុប ៤, ៩៥៥ ក្បាលដី ។ ដីរដ្ឋដែលបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ មានចំនួនសរុប ២, ៦៥៥ ក្បាលដី នៅក្នុងនោះ បានចេញប័ណ្ណកម្មសិទ្ធិ ២, ២០៩ ក្បាលដី កំពុងដំណើរការចេញប័ណ្ណកម្មសិទ្ធិ ៣៣ ក្បាលដី នៅសល់មិនបានធ្វើប័ណ្ណកម្មសិទ្ធិ ៤១៣ ក្បាលដី ។ ដូច្នេះសូមមន្ទីរ អង្គភាព ឬស្ថាប័នពាក់ព័ន្ឋទាំងអស់ មេត្តាចូលរួមសហកាក្នុងការធ្វើប័ណ្ណកម្មសិទ្ឋិក្នុងកំឡុងពេលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ដាច់ដោយដុំ ឬ បំពេញបន្ថែម ផងដែរ ៕
