ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើភាគីពាក់ព័ន្ធពិចារណាឡើងវិញ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយការកើតឡើងនេះ គឺកើតចេញពីការបើកបរ ក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណា កាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះ ឲ្យខាងតែបាន ពោលគឺកាត់បន្ថយអត្រា ស្លាប់ឲ្យនៅក្រោមមួយពាន់នាក់ក្នុងមួយឆ្នាំ។
លោក ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នេះ យើង គប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សា ឲ្យបានម៉ត់ចត់ ជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើប័ណ្ណ បើកបរម៉ូតូជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿន នៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ» ។
លោក ឧបនាយករដ្ឋមន្ដ្រី បានជំរុញដល់ស្នងការគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវរឹតបន្តឹងនូវច្បាប់ ចរាចរណ៍ឲ្យបានតឹងរឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្ស ជាមធ្យមពី៤ទៅ៥នាក់ក្នុងមួយថ្ងៃៗ ។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានក្រើនរំលឹកដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ ទាំងផ្នែកស៊ីវិល និង កងកម្លាំងនគរបាល ត្រូវខិតខំធ្វើការរួមគ្នា ឲ្យបានសកម្មបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិទាំងមូល៕