ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម​កូរ៉េ ជឿជាក់ថា ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យកសិកម្មកម្ពុជា មានវឌ្ឍនភាពល្អប្រសើរ

រូបភាពផេកនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ក្នុងជំនួបជាមួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បានកត់សម្គាល់ អំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ​ កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់កិតិ្តទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ ។

លោក​រដ្ឋមន្ត្រី ​បានសម្តែងនូវការអបអរសាទរ ដល់កិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំង​ ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ។

លោក ឆុង វ៉ាងគឺន ក៏បានគូសបញ្ជាក់ អំពីភាពជាដៃគូដ៏ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញ ចាប់ពីចុងទសវត្សរ៍៩០ ។

ជាការឆ្លើយតប កិតិ្តទេសាភិបាលបណ្ឌិត បានអរគុណចំពោះភាគីកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារ​ ដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ ។
កិត្តិទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរ អំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ។

ក្នុងនោះកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញ​ ការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។
ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយលោក ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្ត របស់កិតិ្តទេសាភិបាលបណ្ឌិត កម្ពុជា នឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕

To Top