ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំកម្លាំង នគរបាលបន្ដពង្រឹង ការពារអធិបតេយ្យភាពជាតិ

ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលជាតិ បន្ដការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងថា «ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឱ្យមានការលូក ដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាត រាល់សកម្មភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម» ។

លោកឧបនាយករដ្ឋមន្រ្តី​ណែនាំ​បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា កងកម្លាំងនគរបាលជាតិ ក៏ត្រូវពង្រឹងការងារនគរបាលនិងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដើម្បីកៀរគរ ប្រមែប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ ក្នុងការបង្ការ បង្រ្កាបបទល្មើសនានានៅ តាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»៕

To Top