ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មី ៖ គោលនយោបាយគណបក្សមួយចំនួន ដាក់មួយរយៈដូររហូត ខុសពីគោលនយោបាយបក្សប្រជាជន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីថ្មីដែលចេញពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សនយោបាយមួយចំនួនបានធ្វើការផ្លាស់ប្តូរគោលនយោបាយរហូត គ្រាន់តែដាក់មួយរយៈពេលដែលខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដាក់ចេញធ្វើដើម្បីប្រជាជននិងយូរអង្វែង។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃ ២៩សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ “ខ្ញុំមើលនិងស្តាប់គណបក្សនយោបាយខ្លះក្នុងមួយថ្ងៃ ឬមួយឆ្នាំ គោលនយោបាយរបស់គាត់ប្រែជិត១០ដងហើយគ្មានគោលនយោបាយច្បាស់លាស់ និយាយតាមអារម្មណ៍តាមឱកាស»។

នាយករដ្ឋមន្ត្រីបានអះអាងថា ការដឹកនាំប្រទេសមិនមែនចេះតែធ្វើតាមអារម្មណ៍ តាមការនឹកឃើញទេ បើធ្វើបែបនេះ ប្រទេសនឹងរលាយតែម្តង ដូច្នេះត្រូវការពេលវេលា ដើម្បីអនុវត្តនិងត្រូវការពេលវេលាដើម្បីទទួលផល ។

កិត្តិទេសាភិបាលបណ្ឌិតបញ្ជាក់ថា “អីចឹងយើងត្រូវការពេលវេលាថេរភាពនៃលំនឹងនៃគោលនយោបាយ អីចឹងគណបក្សប្រជាជនកម្ពុជាដាក់ចេញនូវគោលនយោបាយមួយគ្រប់ជ្រុងជ្រោយ គិតវែងឆ្ងាយ និងរយៈពេលវែង ហើយមានផែនការដោះស្រាយដោយដាក់ផែនការសកម្មភាព ដោះស្រាយផែនការចំពោះមុខ រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែងដើម្បីធានានិរន្តភាពជូនបងប្អូនប្រជាពលរដ្ឋ»។

ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយមិនមែនធ្វើតែមួយថ្ងៃដូចជាថ្ងៃបើកឲ្យអ្នកវិនិយោគមកធ្វើការវិនិយោគ ហើយស្អែកឡើងដកវិញនោះទេ ។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនមែនធ្វើឡើងដោយមនុស្សមួយនាក់ ឬពីរនាក់អង្គុយវិភាគឬអានសន្ទកថា ឬស្វែងរកស្រាវជ្រាវនោះទេ គឺធ្វើឡើងដោយក្រុមអ្នកជំនាញ មានបទពិសោធន៍ក្នុងការដឹកនាំអនុវត្តគោលនយោបាយច្បាស់រាប់សិនឆ្នាំ ។

កិត្តិទេសាភិបាលបញ្ជាក់ថា “អីចឹងគោលនយោបាយរបស់យើង ដាក់ចេញយូរអង្វែងមានភាពនឹងនរ ស្ថេរភាព សុគតភាព ប៉ុន្តែអ្វីដែលប្រែប្រួលគឺជីវភាពប្រជាពលរដ្ឋ ពោលគឺមួយអាណត្តិទៅមួយអាណត្តិផលប្រយោជន៍កម្មករ ពលរដ្ឋកាន់តែកើត ចំណុចនេះគឺសំខាន់ ។ មានអ្នកខ្លះថាហ៊ុន ម៉ាណែតបើដើរគោលនយោបាយចាស់មិនប្រជាធិបតេយ្យទេ ដល់ដើរគោលនយោបាយផ្ទុយពីហ្នឹងបានគេហៅប្រជាធិបតេយ្យ។ តែខ្ញុំថា ការដូររបបហ្នឹងគឺមានច្រើនដងហើយបានធ្វើឲ្យប្រទេសក្រឡាប់ចាក់ ដូចជាការ ដូររបបរាជានិយមទៅសារធារណរដ្ឋកាលឆ្នាំ១៩៧០ ដូច្នេះយើងអត់ធ្វើទេ”។

កិត្តិទេសាភិបាលបានលើកឡើងថា ហេតុដែលរាជរដ្ឋាភិបាលបន្តធ្វើតាមគោលនយោបាយពីមុនមក គឺគោលនយោបាយដែលបានសន្យាជាមួយម្ចាស់ឆ្នោត គឺត្រូវដាក់ចេញអនុវត្តដោយកុំឲ្យម្ចាស់ឆ្នោតថាដល់ពេលឃោសនាថាបែបនេះ ដល់ពេលជាប់ឆ្នោតធ្វើបែបនោះវិញ «គណបក្សប្រជាជនអត់សន្យាខ្យល់នោះទេ យើងសន្យាមុនបោះឆ្នោតគឺគោលនយោបាយបែបណា គឺយើងជាប់ឆ្នោតត្រូវដាក់ចេញគោលនយោបាយហ្នឹង ហើយនយោបាយដែលដាក់ចេញគឺគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចដោយអង្គសន្និបាតរបស់គណបក្ស”៕

To Top