ព័ត៌មានជាតិ

អាមេរិក អបអរបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ដែលជាការបើកទំព័រថ្មី ឈានទៅធ្វើឲ្យប្រសើរឡើងទំនាក់ទំនង

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្ដែងនូវការអបអរសាទរ ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក ។

នេះជាការបញ្ជាក់របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃ២៨ សីហា ។

ក្នុងឱកាសនោះដែរលោក អាឡិច ខាន បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍សង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។

ជាការឆ្លើយតបលោកកិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា «កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឲ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ» ។

ជាមួយគ្នានេះ កិតិ្តទេសាភិបាលបណ្ឌិត បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕

To Top