ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ជាសារដាស់តឿនស្មារតីមន្ត្រីក្រោមឱវាទ ត្រូវចេះអភិវឌ្ឍខ្លួន លើផ្នែកចំណេះដឹង និងចំណេះធ្វើទើបដើរទាន់ គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលការណ៍នេះមន្ត្រីទាំងអស់ ត្រូវស្វែងយល់ឲ្យច្បាស់លាស់ ពីគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ។
ក្នុងកម្មវិធី វគ្គបណ្តុះបណ្ណាល ស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤ -២០២៦ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក កេីត ឆែ បានឲ្យដឹងថា ការយល់ដឹងពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ទាល់តែមន្ត្រីទាំងអស់ ស្វែងយល់ឲ្យច្បាស់លាស់ ពីគោលនយោបាយដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ក្នុងនោះការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុជារឿងចាំបាច់ ។ យើងបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនធាតុចូលជូន ដល់សិក្ខាកាមទាំងអស់ មានទុនសម្រាប់អនុវត្ត នៅឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦ ។
លោកអភិបាលរង ក៏បានឲ្យដឹងទៀតថា ជាការពិតណាស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាន នូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។
លោកអភិបាលរងបញ្ជាក់ថា “ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ ចំពោការរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៤ ខ្ញុំសូមស្មើ ឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូល របស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោងចំណាយ ហើយត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកឡើងវិញថា សម្រាប់ឆ្នាំ២០២៤ យើងត្រូវគ្រោងថវិកា ដើម្បីបម្រើឱ្យការចុះបញ្ជីកម្មសិទ្ធិដីរដ្ឋ ព្រោះថាការងារនេះ គឺជាកិច្ចការអាទិភាព ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចង្អុលបង្ហាញ ដើម្បីថែរក្សា និងធានានូវភាពគត់មត់ និងចីរភាពនៃទ្រព្យសម្បត្តិរបស់រដ្ឋ”៕