ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ឡើងវិញ ។
យោងតាមគណនីហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត Murphy និងគណៈប្រតិភូ បានស្វាគមន៍ នូវកិច្ចសហប្រតិបត្តិការចីរភាព លើបញ្ហាសំខាន់ៗ ក្នុងតំបន់ និងពិភពលោក ប៉ុន្តែក៏បានជំរុញ ឲ្យយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជាថ្មីនេះ បើកឡើងវិញ នូវលំហពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ធ្វើឲ្យមានវឌ្ឍនភាព លើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយធានាថា ប្រជាជនកម្ពុជាទាំងអស់ អាចចូលរួមបាន ដោយសេរីក្នុងដំណើរការនយោបាយ និងដោះលែងបុគ្គល និងសកម្មជននយោបាយ រួមមានលោក កឹម សុខា និងកញ្ញា សេង ធារី សញ្ជាតិខ្មែរ អាមេរិក។
លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ច បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេ សម្រាប់ប្រទេសដែលមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យ ដែលគ្រប់សំឡេងត្រូវបានស្តាប់ និងគោរព៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
