ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តថ្មីចំនួន២៩រូប ជំនួសតំ ណាងរាស្រ្តដែលបានលាលែង និងបោះឆ្នោតជ្រើសតំាង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មួយរូបជាស្ថាពរ។

ការសម្រេចប្រកាសសុពលភាព និងជ្រើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញាមួយរូប ធ្វើឡើងក្នុងសម័យសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ៣១ សីហា ។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ ។ ក្នុងនោះសភា បានសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជន ជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង និងបានបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា ដែលបានទទួលមរណភាព ៕

