ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ ជារឿងល្អបំផុត ដែលនាយករដ្ឋមន្រ្តីកម្ពុជាថ្មី គិតគូពីការដំឡើង ប្រាក់ខែកម្មករ

ភ្នំពេញ ៖ ក្នុងនាមជាប្រធានសហជីពមួយរូប ដែលការពារផលប្រយោជន៍កម្មករ លោក ប៉ាវ ស៊ីណា បានបង្ហាញការដឹងគុណ និងសប្បាយចិត្តជាពន់ពេក ចំពោះការប្រកាស របស់កិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ របស់លោក ហេង សួរ ត្រូវរូតរះចរចាប្រាក់ឈ្នួល អប្បបរមាកម្មករក្នុង វិស័យកាត់ដេរ និងវាយនភណ្ឌឲ្យបានមុនបុណ្យភ្ជុំ ជាពិសេសធ្វើយ៉ាងណាត្រូវតែដំឡើងប្រាក់ខែឲ្យពួកគាត់ ទោះតិចឬច្រើន ត្រូវតែដំឡើង ។

ខណៈការចរចាប្រាក់ខែកម្មករ សម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ ក្នុងកិច្ចប្រជុំលើកទី២ កាលពីថ្ងៃ២៨ សីហា នាយករដ្ឋមន្រ្តីកម្ពុជា មិនបានព្រងើយកន្តើយនោះឡើយ ដោយកាលពីថ្ងៃ២៩ សីហា ក្នុងវេទិកាជាលើកដំបូង ជាមួយកម្មករជិត២ម៉ឺននាក់ នៅជាយក្រុងភ្នំពេញ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ហេង សួរ ជារដ្ឋមន្រ្តីក្រសួងការងារថ្មីផងនោះ ត្រូវតែបង្កើនកិច្ចចរចាឲ្យឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ទោះបីតិចក្តីច្រើនក្តីត្រូវតែដំឡើង ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣១ សីហាថា ក្រោយទទួលដំណឹង ពីការ ប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មី លោកសប្បាយចិត្តខ្លាំង ដែលនេះបង្ហាញពីការយកចិត្ត លើកម្មករបម្រើការក្នុងវិស័យកាត់ដេរ ជាវិស័យស្នូលមួយរបស់ជាតិផងដែរ ។ លោកថា ឈានមកដល់កិច្ចប្រជុំជាលើកទី២ ជាមួយភាគីពាក់ព័ន្ធ ហាក់មានភាពតានតឹងមែនទែន ដោយភាគីនិយោជកបង្ហាញគោលជំហរលទ្ធភាព ក្នុងការដំឡើងពិបាក ដោយស្នើក្រសួងពិចារណា ។

ដូច្នេះចំពោះការប្រកាស របស់នាយករដ្ឋមន្រ្តីបែប(ដំឡើង)នេះ បានធ្វើឲ្យលោកមានក្តីសង្ឃឹមឡើងវិញ ។ លោកបន្តថា “ចំពោះខ្ញុំ ខ្ញុំយល់ថា អ្វីដែលរដ្ឋាភិបាលបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ជារឿងមួយដែលល្អបំផុត សម្រាប់បងប្អូនកម្មករ ហើយក៏ជាសារមួយវិជ្ជមាន សម្រាប់កម្មករ ចំពោះការដំឡើង ប្រាក់ឈ្នួល បើទោះបីជាឡើង ក្នុងកម្រិតណាមួយក៏ដោយ តែវាជាសារមួយវិជ្ជមាន ខណៈទំនិញនៅតាមទីផ្សារមានការកើនឡើង ការចំណាយរបស់ពួកគាត់ ក៏មានការខ្ពស់ជាងមុន” ។

បន្ថែមពីនេះទៀត លោកថា បើមិនព្រមដំឡើងប្រាក់ខែឲ្យកម្មករនោះទេ ពួកគាត់ពិតជាជួបផលលំបាកខ្លាំងហើយ ។

ងាកមកការដាក់តួលេខ ចំពោះប្រាក់ខែវិញ លោកអះអាងថា ក្រុមសហជីពមិនទាន់បានកំណត់ជាក់លាក់នៅឡើយទេ ក្រោយមានគម្រោង ដាក់តួលេខ២បែប ក្នុងគ្រានៅថ្ងៃ៤ កញ្ញា ខាងមុខគឺជាការកំណត់ជួបប្រជុំជាលើកទី៣ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ប្រាក់ខែគោលកម្មករចំនួន២០០ដុល្លារ បូករួមទាំងអត្ថប្រយោជន៍ផ្សេងទៀតបានរហូតទៅដល់២២៨ដុល្លារ ខណៈឆ្នាំ២០២២ ប្រាក់ខែគោល១៩៨ដុល្លារ ៕

To Top