ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងស្វែងរកបុគ្គល លួចបើកទឹកបង្ហៀរ ឱ្យជោរជន់ នៅជាន់ទី៥

រូបភាពពីបណ្ដាញសង្គម

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាននិងកំពុងស្រាវជ្រាវស្វែង រកជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចបើកក្បាលទុយោបង្ហៀរទឹកឱ្យជោរជន់ នៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ព្រមទាំងស្វែងរកបុគ្គលទម្លាយវិដេអូបង្ហៀរទឹកចេញទៅក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្ដិកៈ មន្ដ្រីនគរបាលជាតិ ។

តាមរយៈសេចក្ដីជូនព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ បានកើតឡើងកាលពីវេលាម៉ោង១១ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ ក៏បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។

ក្រសួង បន្ដថា ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិន ស្គាល់អត្តសញ្ញាណម្នាក់ បានឆ្លៀតឱកាសនៅចុងម៉ោង ធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូ ចេញទៅខាងក្រៅនៅឡើយ។

តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាល មកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិត របស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ ក្រោមការគ្រប់គ្រងចាត់ចែង របស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយស របស់គណៈកម្មការសាងសង់អគារ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនផងដែរថា «ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវ រកអត្តសញ្ញណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ»

ក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាអង្គភាពសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការ គាំទ្រនិងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់ក្រសួងមហាផ្ទៃ៕

To Top