ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាល បន្ដរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយឧត្តមសេនីយ៍ ស ថេត។
ក្នុងពិធីប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ស្នងការខេត្តព្រះសីហនុថ្មី នាថ្ងៃ៣១ សីហា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «បន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីបម្រើអង្គភាព និងប្រជាពលរដ្ឋរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ»។
នាយឧត្តមសេនីយ៍បន្ដថា ប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លើការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍន៍អង្គភាព។ ចំពោះមន្ត្រី បើធ្វើល្អត្រូវមានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង ឬអនុវត្តតាមច្បាប់។ លើសពីនេះ ប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ ហើយត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដើម្បីដាក់ចេញឲ្យអនុវត្ត។
នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា ផែនការងារសន្តិសុខដើរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស។ នាយឧត្តមសេនីយ៍ ក៏បានណែនាំបន្ថែម ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ គណៈបញ្ជាការបញ្ជាដឹកនាំដោយមានព្រះរាជអាជ្ញារ កងកម្លាំងចម្រុះត្រូវចុះអនុវត្ត។ ពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង៕