ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃ២៦ សីហា ហើយទើបចេញផ្សាយជាសាធារណនាថ្ងៃ៣០ សីហា បានចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ។

សូមបញ្ជាក់ថា កាលពពីថ្ងៃ២៤ សីហា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នស្នើព្រះរាជក្រឹត្យរៀបចំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយត្រូវពង្រីកសមាសភាពចូលរួមឲ្យច្រើនជាងមុនថែមទៀត។

ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្របង្កើតឡើងក្នុងអាណត្តិទី៦ ។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។ សម្រាប់ប្រតិភូចូលរួមក្នុងស្ថាប័ន មាន៣រូបពីខាងគណបក្សនីមួយៗដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា អាចទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ។ សម្រាប់អាណត្តិទី៧នេះ នាយករដ្ឋមន្រ្តីថ្មីក៏បានផ្តល់ឱកាសឲ្យបក្សផ្សេងដែលមិនបានចូលបោះឆ្នោតក៏បានដាក់ពាក្យមកបានដែរ ៕

To Top