ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មបរទេស របស់វៀតណាម ធ្លាក់ចុះជាង ១៣ភាគរយ ក្នុងរយៈពេល ៨ខែ

រូបភាព៖ Xinhua

ហាណូយ៖ វៀតណាមបានប្រកាសតម្លៃពាណិជ្ជកម្ម បរទេស ប៉ាន់ស្មានចំនួន ៤៣៥,២៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៣,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្ម ២០,១៩ ពាន់លានដុល្លារ នេះបើយោងតាមស្ថិតិចុងក្រោយ របស់ការិយាល័យស្ថិតិ របស់ប្រទេសនេះ។

ការិយាល័យបានឲ្យដឹងថា ជាពិសេស ប្រាក់ចំណូលនាំចេញមានចំនួន ២២៧,៧១ ពាន់លានដុល្លារ ធ្លាក់ចុះ ១០ភាគរយ ខណៈដែលប្រាក់ចំណូលនាំចូលបានថយចុះ ១៦,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម ២០៧,៥២ពាន់លានដុល្លារ។

យោងតាមការិយាល័យបានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងប្រាក់ចំណូលចំនួន ៦២,៣ពាន់លានដុល្លារ ហើយប្រទេសចិន គឺជាអ្នកនាំចេញធំបំផុតរបស់ខ្លួនជាមួយនឹងប្រាក់ចំណូលចំនួន ៦៨,១ពាន់លានដុល្លារក្នុងរយៈពេលនេះ។

សារព័ត៌មានអនឡាញ Cong Thuong (ឧស្សាហកម្ម និងពាណិជ្ជកម្ម) បានរាយការណ៍ថា លក្ខខណ្ឌអំណោយផលដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ជាមួយដៃគូទីផ្សារសំខាន់ៗរបស់វៀតណាម នឹងជះឥទ្ធិពលជាវិជ្ជមានលើពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញក្នុងរយៈពេលចុងឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top