ភ្នំពេញ ៖ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ។
ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកគណៈកម្មការនានានៃរដ្ឋសភា ។

សូមជម្រាបថា គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា មាន ៖ ១ – គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ២ – គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ។ ៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ ៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ។ ៦- គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ។ ៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ ៨ – គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។ ៩ – គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១០- និងគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ៕








