ព័ត៌មានជាតិ

ចាប់បានបណ្ដើរៗហើយ! ក្រុមក្មេងទំនើង ប្រយុទ្ធគ្នា បង្កការភ្ញាក់ផ្អើល នៅក្រុងសិរីសោភ័ណ

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈនៅទីប្រជុំជន កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ សីហា វេលាម៉ោង១៦ និង៤០នាទី មានករណីហិង្សាចេតនាមួយ បង្កឡើងដោយក្មេងស្ទាវចំនួន២ក្រុម មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូ ដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ។

យោងតាម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ឈ្មោះ សួរ គឹមសៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពនៅចំណុចកើតហេតុទីនោះពិតមែន ចំណែកបក្ខពួករបស់គេ មានគ្នា៦នាក់កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាព គប់ទៅលើក្រុមម្ខាងទៀត)។ និងក្រុមម្ខាងទៀត កំពុងគេចខ្លួនផងដែរ។

បច្ចុប្បន្ន កម្លាំងនគរបាលផែនព្រហ្មទណ្ឌ បានកំពុងបន្តការស្រាវជ្រាវស្វែងរកពួកជនសង្ស័យដែលកំពុងរត់គេចខ្លួន។រីឯជនសង្ស័យឈ្មោះ សួរ គឹមសៀន កម្លាំងនគរបាលការិយាល័យកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

To Top