ភ្នំពេញ ៖ នៅក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ មន្រ្ដីក្រោមឱវាទ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីចិត្ត។
យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្រ្ដី ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានសមិទ្ធផលយ៉ាងច្រើននាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ឆាយ ឫទ្ធិសែន បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ នាយកដ្ឋានដូចខាងក្រោម ៖
១. សូមឱ្យមន្ត្រីជំនាញ បន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានជោគជ័យបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។
២. មន្រ្ដីរាជការគ្រប់រូប ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីចិត្ត ។
៣. ថ្នាក់ដឹកនាំ នាយកដ្ឋានត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់មន្ដ្រី អនុវត្តគោលការណ៍សមូហភាពដឹកនាំ ដើម្បីរក្សាសាមគ្គីភាព និងប្រសិទ្ធិភាពការងារ ។
៤. នាយកដ្ឋានគួរមានការសិក្សាស្វែងយល់ អំពីបញ្ហាប្រឈម នៃការផ្ដល់ឥណទានជូន ដល់ប្រជាពលរដ្ឋជនបទ ។
៥. ដើម្បីជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រសួងត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញ ការអប់រំ ផ្លាស់ប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាជនជនបទ ។
៦. ក្រសួង ត្រូវរៀបចំយុទ្ធសាស្ដ្រ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានានិរន្ដរភាពសេដ្ឋកិច្ច នៅជនបទ។
៧. ថ្នាក់ដឹកនាំ ត្រូវយកចិត្តទុកដាក់ ជាពិសេសចំពោះមន្រ្ដី ដែលជាស្ដ្រីមានផ្ទៃពោះ និងមន្ត្រីរាជការមានជម្ងឺ៕