ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ ដែលទើបនឹងផ្លាស់តំណែង ពីអគ្គនាយកអគ្គិសនីកម្ពុជា ទៅជារដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានផ្ញើបណ្ដាំចំនួនពីរចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាថ្មី និងនិយោជិតអគ្គិសនីកម្ពុជា។
ក្នុងបណ្ដាំទាំងពីរនោះរួមមាន៖
១/ សូមឱ្យក្បាលម៉ាស៊ីនថ្មី ជាពិសេសអគ្គនាយក មើលអគ្គិសនីកម្ពុជាយើង ឱ្យលេីសពីអគារ ឃើញជាគ្រួសាររបស់យើង ដែលខិតខំទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ក្នុងការជួយអគ្គិសនីកម្ពុជា និងបម្រើជាតិមាតុភូមិ។ ដើម្បីមើលឃើញអគ្គិសនី ក្រៅពីអគារអង្គុយ និងតុដែលយើងសរសេរ ក្រៅពីឡានដែលយើងជិះធ្វើការ គឺក្បាលម៉ាស៊ីន ត្រូវមើលឃើញ ប្រព័ន្ធអគ្គិសនី ជាពិសេសនៅក្នុងអង្គភាពផ្ទាល់ គឺជាមនុស្សដែលត្រូវការយុត្តិធម៍ តម្លាភាពក្នុងការដឹកនាំ ការការពារតាមគោលការណ៍ ការផ្ដល់ឱ្យកាសការងារ ធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន(ឡើងតៗគ្នា មានឱកាសស្មើៗគ្នា) និងការលើកកំពស់សុវត្ថិភាព និងសុខមាលភាព ជីវភាពរបស់ក្រុមគ្រួសារអគ្គិសនីកម្ពុជា ទូទាំងប្រទេស។
២/ សូមឱ្យក្រុមគ្រួសារអគ្គិសនីទាំងមូល នៅបន្តមើលឃើញ ការរីកចម្រើនរបស់អគ្គិសនីកម្ពុជា មិនត្រឹមតែប្រវែងខ្សែដែលលាតសន្ធឹងនៅទូទាំងប្រទេស មិនត្រឹមតែជាចំនួន អនុស្ថានីយន៍ជាតិឬត្រង់ស្វូ ដែលបានដំឡើងនោះទេ គឺជាការរីកចម្រើនរបស់វិស័យថាមពលចុងក្រោយ មិនមែនចំនួនហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ ដែលបានដាក់នោះទេ ។
ក្នុងឱកាសនោះ លោក កែវ រតនៈក៏បានរំលេចនូវវត្ថុបំណង របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលមួយជីវិតដើម្បីរំដោះនិងកសាងប្រទេស ដែលបច្ចុប្បន្នកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏កំពុងតែរុញល្បឿនក្នុងទិសតែមួយ ។
លោក កែវ រតនៈ គូសបញ្ជាក់ថា «វិស័យថាមពលពីមុន បច្ចុប្បន្ន និងទៅអនាគត មិនមែននិយាយអំពិខ្សែភ្លើង ឬមួយអនុស្ថានីយន៍ ត្រង់ស្វូនោះទេ គឺជាសេចក្ដីសុខ និងការរីករាយរបស់ប្រជាពលរដ្ឋ ដែលទទួលសេវាផ្គត់ផ្គង់ ពីអគ្គិសនី បង្កើតចំណូលបាន ចិញ្ចឹមកូនចៅបាន សប្បាយចិត្តពីការទទួលសេវា នោះគឺជាបំណងប្រាថ្នាចុងក្រោយរបស់ អគ្គសនីកម្ពុជា »។
លោក កែវ រតនៈ បានផ្ដាំនិងបង្ហាញសេចក្ដីទុកចិត្តថា «ក្បាលម៉ាស៊ីនថ្មី និងក្រុមគ្រួសារអគ្គិសនី មើលឃើញដូចសម្ដេចតេជោ ហ៊ុន សែន និងកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថាអគ្គិសនីមិនមែនត្រង់ស្វូ មិនមែនខ្សែភ្លើង តែជាសេចក្ដីសុខ របស់ប្រជាពលរដ្ឋកម្ពុជា»៕





