ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជំរុញឱ្យកងកម្លាំងនគរបាល ទាំង១៤ខណ្ឌ ពង្រឹងការទប់ស្កាត់បទល្មើលួចឆក់ប្លន់ និងក្មេងទំនើង

រូបភាព៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍ ។
ក្នុង​កិច្ចប្រជុំនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍​ទោ​ បានណែនាំនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើងជុំវិញការងារបង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ដោយជំរុញឱ្យកងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ទាំង១៤ខណ្ឌ និងការិយាល័យជំនាញព្រហ្មទណ្ឌ ត្រូវពង្រឹងយកចិត្តទុកដាក់ លើការបង្ការទប់ស្កាត់ បទល្មើសអំពើលួច ឆក់ប្លន់ និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច ហើយប្រជាពលរដ្ឋក៏បានសំណូមពរ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលទើបទទួលកាន់តំណែងថ្មី ឱ្យជួយដោះស្រាយ ចាត់វិធានការបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព៕

To Top