ព័ត៌មានជាតិ

ចិន ប្រកាសបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

រូបភាព៖ Dr. Hun Manet, Prime Minister of Cambodia

ភ្នំពេញ៖ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលបានផ្លែផ្កា និងជោគជ័យ ។

ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោក លីវ ជានឆាវ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី» ។

លោក ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។

លោក លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភក្តិដ៏ស្មោះត្រង់ និងជាបងប្អូនបង្កើត ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។

លោក លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ៕

To Top