ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ។

ក្នុងជំនួបជាមួយ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់ លោក លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ ។

លោក លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនភីង និង សូមអបអរចំពោះ ជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ ។

ជាមួយនឹងការថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ
(១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា ។

សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា «ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេល ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា »៕
