ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រជុំនៅឥណ្ឌូនេស៊ី ជាការចាប់ផ្តើមបើកទំព័រ បេសកកម្មនៅក្រៅប្រទេស

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា ការចេញដំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺការចាប់ផ្តើមបើកទំព័រ បេសកកម្មនៅក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ។

ការលើកឡើង របស់លោកនេះ ក្នុងគ្រាសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញ ដឹកនាំគណ‌ៈប្រតិភូ ជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃ៤ កញ្ញា ។ ក្នុងឱកាសសម្តេច ហ៊ុន ម៉ាណែតចេញ ទៅក្រៅប្រទេសនេះ មានការហែមហមជូនដំណើរ នៅត្រឹមព្រលាន យន្តភ្នំពេញ ពីសំណាក់ក្រុមមន្រ្តីជាន់ខ្ពស់ របស់កម្ពុជាជាច្រើនរូបផងដែរ ។

យោងតាមសំណេរ របស់សលោក ប៉ែន បូណា ជារដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា “ការចេញដំណើរ របស់គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូល រួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័រ បេសកកម្មក្រៅប្រទេសក្នុងនាមជា នាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេ ក្នុងចំណោមមេដឹកនាំ ដែលចូលរួម ប្រជុំនៅហ្សាកាតាក៏គ្រោង ជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ៖ ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម” ។

លោកបានពិព័រនាទៀតថា នៅមុនពេលចេញ ដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារ រួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា គណៈប្រតិភូសភា និងតំណារដ្ឋាភិបាល សហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តចិន ជាដើម។ រហូតមកទល់ពេលនេះ មានមេដឹកនាំដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង៤០ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយ នៃពិភពលោកបានផ្ញើសារ អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។

ងាកក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា វិញត្រូវអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មីរូបនេះបញ្ជាក់ថា អត្រានៃការចូលរួមបោះឆ្នោត មានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេច ហ៊ុន ម៉ាណែត។

សរុបសេចក្តីមក លោក ប៉ែន បូណា អះអាងថា ឈរលើមូលដ្ឋាន ដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋាន បានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត ចេញដំណើរនៅ លើមូលដ្ឋានគ្រឹះ នៃការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ផ្ទៃក្នុង ជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង ៕

To Top