ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។
បច្ចុប្បន្នសេវា ធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ប្រើពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទល្បឿនលឿនតាមតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃ៤ កញ្ញា លោកបណ្ឌិត ស សុខា មានប្រសាសន៍ថា «បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច ។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។
ចំពោះការធ្វើលិខិតឆ្លងដែននេះ លោកឧបនាយករដ្ឋមន្ដ្រី បានប្រាប់មន្ដ្រី ក្រោមឱវាទថា ធ្វើយ៉ាងណាផ្ដល់ភាព កក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យពីមួយអាណត្តិ ទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែន មានការឡើងថ្លៃរហូត។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍រំលឹកថា ក្រោមការដឹកនាំរបស់ សម្ដេច ស ខេង អស់រយៈពេល ៦ អាណត្តិ (រយៈ៣០ឆ្នាំ)កន្លងមក ក្រសួងមហាផ្ទៃ គឺសម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលជាមូលគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ របស់ក្រសួង ឈានទៅសម្រេចបានបេសកកម្មធំៗ ជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ៕
