ព័ត៌មានជាតិ

កម្ពុជា ស្នើជប៉ុន ផ្តល់ហិរញ្ញប្បទានលើគម្រោង «ការពារទឹកជំនន់ កែលម្អស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក»

រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានសំណូមពរដល់ភាគីជប៉ុនជួយសិក្សា និងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី «គម្រោងការពារទឹកជំនន់ កែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅកម្ពុជា»។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារលើ វិស័យធនធានទឹកជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន បានធ្វើកិច្ចសហប្រតិបតិ្តការ យ៉ាងល្អនាពេលកន្លងមក។

លោករដ្ឋមន្ដ្រី រំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យធនធានទឹកជា បន្តបន្ទាប់ តាមរយៈ គម្រោង ជំនួយ ឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះ បណ្តាល ក្នុងនិងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។

ក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជា តំណាងដោយ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរ ដល់ភាគីជប៉ុន ដូចជា ៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទាន សម្រាប់គម្រោងស្នើសុំថ្មី “គម្រោង ការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia), ផ្ដល់គ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើដល់ការងារ សាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើង ដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និង គ្រោះ រាំងស្ងួតជាដើម, ជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើ ការងារគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក។

ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏បានសំណូមពរឱ្យក្រសួងធនធានទឹក និងឧតុនិយម រៀបចំប្រារព្ធ ពិធី បើក ការដ្ឋាន សាងសង់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតី រាជធានី ភ្នំពេញ(CP-P14) ដើម្បីបង្ហាញពីសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន របស់រាជ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម កំពុង ដំណើរការអនុវត្ត គម្រោងរៀបចំ ស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបាន ចាប់ផ្ដើម សកម្មភាព កាលពីឆ្នាំ២០២២និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធ ស្រោចស្រពនិង ប្រព័ន្ធ ដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦៕

To Top