ព័ត៌មានជាតិ

ការចរចា ប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៤ មិនទាន់ឯកភាព ខណៈភាគី និយោជក ដាក់តួលេខ២០១ដុល្លារ, សហជីព២១៥ដុល្លារ

រូបភាព៖ក្រសួងការងារ

ភ្នំពេញ ៖ ការចរចាប្រាក់ឈ្នួល អប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ចំនួន៣លើកមកនេះមិនទាន់ឯកភាពនៅឡើងទេ ខណៈភាគីនិយោជកដាក់តួលេខចំនួន២០១ដុល្លារ និងភាគីនិយោជិត២១៥ដុល្លារ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ១៣៖៣០នាទីរសៀល ដើម្បីបន្ត ពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ។

ប្រភពបានលើកឡើងថា នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំទ្វេភាគីចំនួន ២លើកផ្សេងគ្នា និងកិច្ចប្រជុំត្រីភាគីចំនួន ១លើក ភាគី ទាំងពីរបាន បន្តលើកហេតុផល និងបង្ហាញនូវគោ លជំហរផ្ទៃក្នុងរបស់ខ្លួ នទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង ភាពចាស់ទុំអំពីសំណើរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្រប សម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភា គី និយោជកមានចម្ងល់ផងដែរ ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖« ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាមេរិក»។
ការមិនទាន់ឯកភាព ដើម្បីរកចំនួនតួលេខរួមគ្នានេះ អង្គប្រជុំបានឯកភាពគ្នា កំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ ៕

To Top