ភ្នំពេញ៖ ប្រធានសម្ព័ន្ឋ សហជីពជាតិ លោក ហ្វា សាលី គាំទ្រ អនុសាសន៍ សម្តេចនាយក រដ្ឋ មន្រ្តី លើ ការ ពន្លឿន ប្រាក់ឈ្នួល និង ការ កែសម្រួល មធ្យោបាយ ធ្វើដំណើរ របស់ កម្មករនិយោជិត។
ការគាំទ្រនេះធ្វើឡើងក្រោយពីសម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោក ហ្វា សាលី មាន ប្រសាសន៍ថា លោក មាន ទឹកចិត្តសប្បាយ រីករាយចំពោះ ការ ពន្លឿន ការ ងារ ប្រជុំ តម្លើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនេះ ព្រោះវា គឺ សារវិជ្ជ មាន មួយសម្រាប់ បង ប្អូនកម្មករនិយោជិតដែល កំពុង រង ចាំដំណឹងការប្រជុំក្នុងការយ៉ាង ណា ឲ្យ ចប់ មុនពិធីបុណ្យភ្ជុំបិណ្ឌ។
លោក មាន ប្រសាសន៍ថា៖ « យ៉ាងណាក៏ដោយ ត្បិតថាកម្ពុជា រង ផល ប៉ះ ពាល់ ការ បញ្ជាទិញ សេដ្ឋកិច្ច សាកលប៉ុន្តែ រដ្ឋាភិបាលក៏បានខិតខំតម្លើង ប្រាក់ឈ្នួល កម្មករនិយោជិត ទោះតិចរឺច្រើនក្តី »។
ជាមួយគ្នានេះ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែតក៏បានណែនាំក្រសួង ការងារសហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុនត្រឹមឆ្នាំ ២០២៧ផងដែរ។
ត្រង់ចំណុចនេះ លោក បាន ហ្វា សាលី យល់ឃើញថា បច្ចុប្បន្ន នេះ ការ ធ្វើ ដំណើរ របស់ កម្មករ នៅ មានបញ្ហាធំ មិនមែន តូចទេ គឺ ក្នុងមួយរថយន្ត មានផ្ទុកកម្មករ ណាន់ តែនតាប់រហូតទៅដល់ ៧០នាក់ ក៏ មាន ហើយអ្នក បើក បររថយន្ត មិនគោរពច្បាប់ ចរាចរណ៍ជាដើម បើ ទោះបីជា មន្រ្តីក្រសួង ការងារនិងសហជីពពន្យល់ ណែនាំពួកគាត់ក៏ ដោយ។
លោក មាន ប្រសាសន៍ថា៖ « ខ្ញុំសូមលើក ទឹក ចិត្ត ឲ្យអ្នក បើក បរ រថយន្ត គួរទៅ រៀន បើក បរ ឡើង វិញ និងទី២ ស្នើ សុំឲ្យ មាន ការ ពិនិត្យអ្នកបើកបរដែល ប្រើប្រាស់ គ្រឿងញៀន ពោលគឺធ្វើឲ្យប៉ះ ពាល់ ដល់ សុវត្ថិភាព ដល់ កម្មករ »។
លោក មាន ប្រសាសន៍ បន្តថា លោកសូមអំពាវនាវ ដល់ រដ្ឋាភិបាល ធ្វើ យ៉ាងណា ឲ្យ មាន រថយន្ត ក្រុង ដឹក បង ប្អូន កម្មករ នៅ តាម បណ្តាល ខេត្តទូទាំង ប្រទេសផងដែរ ដើម្បីធានា ដល់ សុវត្ថិភាព ការធ្វើដំណើររបស់កម្មករនិយោជិត ។
សូមជម្រាបថា នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រុម ប្រឹក្សា ជាតិ ប្រាក់ឈ្នួល អប្ប បរមា បាន បន្ត កិច្ច ប្រជុំលើកទី៣ ដើម្បីបន្តពិភាក្សា កំណត់ ប្រាក់ ឈ្នួល អប្ប បរមា ផ្នែក វាយន ភណ្ឌ កាត់ដេរ ផលិតផលស្បែក ជើង និង ផលិត ផល ធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំ ចចារ ប្រាក់ឈ្នួល អប្បបរមា លើកទី៣នេះ បាន ដឹកនាំ ដោយ លោក ហេង សួរ រដ្ឋ ម ន្រ្តី នៃ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និង មាន ការចូលរួម ពីលក្ខណៈ ត្រីភាគី ជាមួយ ភាគី សហជីព តំណាង ឲ្យ កម្មករ និយោជិត ភាគី និយោជក រួម នឹង ភាគី រដ្ឋាភិបាល ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួង ការងារ បាន ឲ្យ ដឹងថា ជាលទ្ធផល តំណាង ភាគី កម្មករ និយោជិត បាន លើក ឡើង នូវ តួរលេខចំនួន ២១៥ ដុល្លារ អាម៉េរិក និង តំណាង ភាគីនិយោជក បាន លើក ឡើង នូវ តួរលេខ ចំនួន ២០១ ដុល្លារ អាម៉េរិក។
អង្គ ប្រជុំ ក៏បាន ឯកភាព គ្នាកំណត់ កិច្ច ពិភាក្សា បន្ត ទៀត នៅថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០២៣។
លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួង នឹង ខិតខំ ចេញ តួលេខ ប្រាក់ឈ្នួល អប្បបរមា សម្រាប់ ឆ្នាំ ២ ០ ២ ៤ ឱ្យ បាន មុន បុណ្យភ្ជុំបិណ្ឌ ដើម្បី សម្រួល ដល់ ជីវភាពរស់នៅ របស់ បងប្អូន កម្មករ និយោជិត ។
យោងតាមរបាយការណ៍ របស់ រដ្ឋមន្រ្តី ក្រសួង ការ ងារ លោក ហេង សួរ បាន ឲ្យ ដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណ ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕