ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីរៀបចំចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥

រូបភាពពី៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។

នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី រដ្ឋមន្រ្តី បានរំលេចនូវទស្សនៈល្អៗមួយចំនួន ក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ដូចជា៖ ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

សម្រាប់ដំណើរការ នៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿនទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគត ដូចជា ការរីករាលដាលនៃជំងឺសកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម។

លោកស្រី រដ្ឋមន្រ្តី បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការនៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក។

សូមបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំនេះដែរ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមកម្មវិធីប្រកាសបើកការចរចាកិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះ នឹងជួយពន្លឿនដល់ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ានក្នុងបរិបទសកល៕

To Top