ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា -វៀតណាម-ឡាវ ឯកភាពបន្តការងារព្រំដែន ឈានទៅបញ្ចប់ទាំងស្រុង

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានពិភាក្សា និង ឯកភាពជាគោការណ៍ ជាច្រើនចំណុចរួមគ្នា ពាក់ព័ន្ធបញ្ហាព្រំដែន ដោយក្នុងនោះថ្នាក់ដឹកនាំទាំង បានបានសង្កត់ធ្ងន់លើ ការកំណត់ព្រំដែន រវាងប្រទេសទាំង៣ ដើម្បីបញ្ចប់ទាំងស្រុងនាពេល ឆាប់ៗខាងមុខ

ការឯកភាពគ្នាជាគោការណ៍ រវាងថ្នាក់ដឹកនាំកំពូលទាំង៣នេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគី ដែលបានធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីមុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នាថ្ងៃ៥ កញ្ញា ។

យោងតាមខ្លឹមសារសង្ខេប នៃជំនួប បានឲ្យដឹងថា ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំង៣ តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ដោយក្នុងជំនួបនេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំង៣បានពិភាក្សា និងបានឯកភាពជាគោការណ៍ ៥ចំណុច ក្នុងនោះ មាន១ចំណុចបានផ្តោត លើការបន្តអនុវត្តន៍យន្តការ នៃការកំណត់ព្រំដែន រវាងប្រទេសទាំង៣ ដើម្បីឈានទៅបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខផងដែរ ។

គួរឲ្យដឹងផងដែរថា ការបោះបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម សម្រេចបាន៩០ភាគរយ នៅសល់ប្រមាណជា១០ភាគរយទៀត ខណៈកម្ពុជា និងឡាវ សម្រេចបាន៨៦ភាគរយ ៕

To Top