ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់មន្ដ្រីឲ្យមានអារម្មណ៍នឹងនរ កុំគិតថា «មេថ្មីមក មិនដឹងទៅទីណា ឬកន្លែងណា»

រូបភាពពី៖​ អេង ប៊ូឆេង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវមានអារម្មណ៍នឹងនរបំផុត ហើយកុំគិតថា «មេថ្មីមកកាន់តំណែង មិនដឹងវាសនាទៅទីណា ឬកន្លែងណា» គឺត្រូវរួបរួមគ្នាបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

នាពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ជំនួស នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ៥ កញ្ញា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា នរណាក៏ដោយឲ្យតែមានសមត្ថភាព មានក្របសីលធម៌ វិជ្ជាជីវៈត្រូវរួបរួមគ្នាអនុវត្តកិច្ចការងារ និងតួនាទីភារកិច្ចរបស់នគរបាលជាតិ ឲ្យមានការរីកចម្រើនបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «អស់លោក-លោកស្រី កុំមានអារម្មណ៍ថា មកមេថ្មី យើងខ្ញុំមិនដឹងថា មានវាសនាទៅទីណា ឬនៅកន្លែងដដែល ឬក៏គេមិនរាប់រក គេមិនប្រើ មិនមែនដូច្នោះទេ។ ដូច្នេះសូមមានអារម្មណ៍នឹងនរ កុំមានការស្ដាប់ពីអ្នកណាមួយដើរបន្លឺសំឡេង យ៉ាងនេះ យ៉ាងនោះ សូមឱ្យគិតពិចារណា ហើយវិភាគឱ្យបានជ្រៅជ្រែ មុននឹងជឿ ស្ដាប់ប៉ុន្ដែកុំទាន់ជឿ តើព័ត៌មាននឹងពិត ឬមិនពិត»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា «យើងតាំងចិត្តធ្វើ យើងតាំងចិត្តបម្រើអង្គភាព បម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិរបស់យើង នោះហើយជាគោលដៅធំរបស់នគរបាលជាតិរបស់យើង។ កន្លែងខ្លះ មេថ្មីទៅ ចាប់ផ្ដើមគូសវៀសផែនទី អានេះនៅកន្លែងនេះ អានោះកន្លែងនោះ នេះជាចំណុចគ្រោះថ្នាក់ សម្រាប់ប្រធានអង្គភាពថ្មី»។

ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ តម្រូវឲ្យមានការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីធ្វើឲ្យសភាពការណ៍ល្អប្រសើរ ក្នុងគោលបំណងបម្រើស្ថានភាព និងស្ថិរភាពនយោបាយ នៅកម្ពុជា មានភាពសុខដុមរមនា ដូចបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ក៏បានណែនាំគ្រប់អង្គភាពជំនាញត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងមុខសញ្ញាជនសង្ស័យរាល់បទល្មើសនានា និងបានផ្ដាំផ្ញើមន្ដ្រីនគរបាលជាតិត្រូវការពារ និងថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ នៅប្រទេសកម្ពុជាឲ្យបាន ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត៕

To Top